កាលបរិច្ឆេទ: ១០ មករា ២០២៤ / កសិកម្ម / Author : Veng Thavong
គឺតាំងពីថ្ងៃទី២ មករា មក ក្រុមការងាររបស់មូលនិធិគីណាល់ដែលទទួលបន្ទុករៀបចំការប្រកួតដណ្តើមពានរង្វាន់ត្នោតមាស ឬ Thnot d’Or បានចុះតាមមហាវិទ្យាល័យ និងវិទ្យាស្ថានក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារ ដើម្បីផ្សព្វផ្សាយពីពានរង្វាន់ត្នោតមាស២០២៤ បង្កើតឡើងក្នុងបំណងជំរុញលើកទឹកចិត្តនិស្សិតឲ្យធ្វើការងារស្រាវជ្រាវ និងមានគំនិតច្នៃប្រឌិត។ ប្រធានបទសម្រាប់ឆ្នាំនេះគឺ៖ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សាក្នុងស្រុក និងទីផ្សាអន្តរជាតិ»។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ មករា ក្រុមការងារនឹងចុះតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន១០ កន្លែងដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានសន្តប៉ូល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
កាលពីពានរង្វាន់ឆ្នាំមុន មាននិស្សិតចូលរួមទាំងអស់ចំនួនប្រមាណ២០០នាក់ចែកចេញជា៣៩ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង១០ខាងលើ ហើយប្រធានបទគឺ «លើកតម្លៃត្រីប្រហុក ជាពិសេសកែច្នៃឲ្យទៅជាផលិតផលសម្រាប់នាំចេញ»៕